រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុងមិនតម្រូវថានិយោជកត្រូវតែជ្រើសរើស ឬយកស្រ្តីជំនួយការងារផ្ទះពីបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសនោះឡើយ ប្រជាជនហុងកុងក៏អាចប្រើប្រាស់វិធីដែលសាមញ្ញជំនួសវិញ ក្នុងការយកស្រ្តីជំនួយការងារផ្ទះមកពីបរទេសឱ្យមកធ្វើការ។
ប្រទេសដែលបញ្ជូនស្រ្តីជំនួយការងារផ្ទះ មានបែបបទ លក្ខខណ្ឌក្នុងការបញ្ជូនខុសៗគ្នាទៅតាមប្រទេសនីមួយៗ។ ស្រ្តីជំនួយការងារផ្ទះមកពីបរទេស ព្រមទាំងនិយោជកគួរតែអានព័ត៌មាននៅផ្នែកនេះ នៅពេលប្រើប្រាស់សេវាកម្មរបស់ទីភ្នាក់ងារ។
យោងតាមច្បាប់ហុងកុង គ្រប់ទីភ្នាក់ងារជ្រើសរើសទាំងអស់ត្រូវតែស្នើរសុំអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពីរដ្ឋបាលគ្រប់គ្រងទីភ្នាក់ងារជ្រើសរើស (EAA)មុនពេលប្រកបអាជីវកម្មក្នុងការដាក់ពលករទៅធ្វើការ។
មុនពេលប្រើប្រាស់សេវាកម្មរបស់ទីភ្នាក់ងារជ្រើសរើស និយោជកត្រូវពិនិត្យមើលថាតើទីភ្នាក់ងារនោះមានអាជ្ញាប័ណ្ណដែលមានសុពលភាពត្រឹមត្រូវ ឬអត់ជាមុនសិន។ អ្នកអាចចុចលើការស្វែងរក ដែលមាននៅលើគេហទំព័រនេះ ដើម្បី កំណត់រកទីភ្នាក់ងារជ្រើសរើស ត្រឹមត្រូវនៅហុងកុង។ សូមទាក់ទងទៅ រដ្ឋបាលគ្រប់គ្រងទីភ្នាក់ងារជ្រើសរើស (EAA) ប្រសិនបើមានចម្ងល់ត្រង់ចំណុចណាមួយ។
ប្រសិនបើអ្នកសង្ស័យថាទីភ្នាក់ងារជ្រើសរើសណាមួយបានធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ សូមរាយការណ៍ទៅរដ្ឋបាលគ្រប់គ្រងទីភ្នាក់ងារជ្រើសរើស។ បុគ្គលណាដែលបើកទីភ្នាក់ងារជ្រើសរើសដោយគ្មានអាជ្ញាប័ណ្ណ ឬវិញាបនប័ត្របញ្ជាក់ដែលចេញដោយគណៈកម្មការការងារ នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់រហូតដល់ 350,000 ដុល្លារហុងកុង និងជាប់ពន្ធនាគាររយៈពេលបីឆ្នាំ
ក្រៅពីធានាថាទីភ្នាក់ងារជ្រើសរើសមានអាជ្ញាប័ណ្ណស្របច្បាប់ អ្នកក៏គួរតែពិនិត្យលើយីហោរបស់ទីភ្នាក់ងារក្នុងការធ្វើអាជីវកម្ម តាមរយៈគេហទំព័រ តាមក្រុមពិភាក្សា ឬតាមពាក្យសំដីនិយាយតៗគ្នាពីមិត្តភក្តិ ឬបងប្អូនអ្នក។
ដើម្បីការពារផលប្រយោជន៍របស់អ្នក អ្នកគួរតែបញ្ជាក់ឱ្យបានច្បាស់ និងត្រូវមានការព្រមព្រៀមជាមួយទីភ្នាក់ងារ ទាក់ទងនឹងសេចក្តីលម្អិតនៃសេវាកម្ម រួមមាន ថ្លៃធានារ៉ាប់រ៉ង ថ្លៃលើផ្នែកនីមួយៗ កាលបរិច្ឆេទនៃការបំពេញតួនាទីរបស់ស្រ្តីជំនួយការងារផ្ទះមកពីបរទេស គោលការណ៍សងលុយវិញ ឬដូរប្រាក់ជាដើម មុននឹងធ្វើការបង់ប្រាក់ ត្រូវសួររកវិក័យប័ត្របន្ទាប់ពីបង់ប្រាក់។ កិច្ចព្រមព្រៀមត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរដោយមានហត្ថលេខាយល់ព្រមពីភាគីទាំងសងខាង។ បើសិនជាទីភ្នាក់ងារជ្រើសរើសបរាជ័យក្នុងការអនុវត្តតាមកិច្ចសន្យា ឬអ្នកសង្ស័យថាផ្ទុយពីបទប្បញ្ញត្តិស្តីពាណិជ្ជកម្ម អ្នកត្រូវស្វែងរកជំនួយពីក្រុមប្រឹក្សាអ្នកប្រើប្រាស់ ឬនាយកដ្ឋានពន្ធគយ។
យោងតាមច្បាប់ការងារ ទីភ្នាក់ងារជ្រើសរើសមិនអាចយកថ្លៃដោយផ្ទាល់ ឬប្រយោលពីអ្នក ក្នុងការដាក់ឱ្យធ្វើការ ក្រៅពីថ្លៃកម្រៃជើងសារដែលបានកំណត់ឡើយ (កម្រៃជើងសារកំណត់យកត្រឹម ១០%នៃប្រាក់ខែទីមួយរបស់អ្នក)។ អ្នកត្រូវយក និងរក្សាទុកនូវវិក័យប័ត្រពីទីភ្នាក់ងារ បន្ទាប់ពីអ្នកបានបង់ប្រាក់កម្រៃជើងសាររួច ដើម្បីបញ្ជាក់ឱ្យច្បាស់ និងការពារខ្លួនអ្នក។ ប្រសិនបើមានការសង្ស័យថា ទីភ្នាក់ងារជ្រើសរើសណាមួយបានគិតថ្លៃពីអ្នកស្វែងរកការងារ លើសពីកាលកំណត់ អ្នកត្រូវរាយការណ៍ទៅរដ្ឋបាលគ្រប់គ្រងភ្នាក់ងារជ្រើសរើស អោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
មុនពេលទាក់ទងទៅទីភ្នាក់ងារជ្រើសរើសណាមួយ និយោជកក៏ដូចជាស្រ្តីជំនួយការងារផ្ទះ គួរអាន ក្រឹត្យក្រមក្នុងការអនុវត្តសម្រាប់ទីភ្នាក់ងារជ្រើសរើសដើម្បីយល់ឱ្យច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ទីភ្នាក់ងារទាំងនោះ។
នៅពេលទទួលបានពាក្យបណ្តឹងដែលទាក់ទងនឹងទីភ្នាក់ងារជ្រើសរើសណាមួយ ដែលជាប់សង្ស័យថាប្រព្រឹត្តិខុសពីច្បាប់ការងារ ឬបទប្បញ្ញត្តិសម្រាប់ទីភ្នាក់ងារជ្រើសរើស នោះរដ្ឋបាលគ្រប់គ្រងទីភ្នាក់ងារជ្រើសរើសនឹងចាត់វិធានដោយធ្វើការស៊ើបអង្កេតភ្លាមៗ។ ក្នុងកំឡុងពេលស៊ើបអង្កេត អង្គភាពនេះអាចនឹងសុំជួបជាមួយដើមបណ្តឹង ដើម្បីប្រមូលយកព័ត៌មានលម្អិតបន្ថែមទៀត។ ប្រសិនជាមានការកាត់ក្តីថាទីភ្នាក់ងារជ្រើសរើសបានប្រព្រឹត្តិខុសពីច្បាប់ នោះរដ្ឋបាលគ្រប់គ្រងទីភ្នាក់ងារជ្រើសរើសអាចនឹងកោះហៅដើមបណ្តឹង មកធ្វើជាសាក្សីក្នុងករណីចាំបាច់។